ចូលឆ្នាំចិន៖ តើអ្នកណាខ្លះត្រូវចែក«អាំងប៉ាវ»?
- Mr.Sokhim
- Jan 28, 2020
- 1 min read

«អាំងប៉ាវ» គឺជាស្រោមសំបុត្រក្រហមដែលមានដាក់លុយនៅក្នុងនោះ ជនជាតិជនតែប្រើវាជាអំណោយ។ ជាទូទៅអ្នកដែលចែកអាំងប៉ាវ គឺឪពុកម្ដាយ ជីដូនជីតា និងសាច់ញាតិ ឲ្យដល់កូនចៅ។

សម្រាប់ជនជាតិចិនពណ៌ក្រហមជានិមិត្តរូបនៃថាមពល សុភមង្គល និងសំណាងល្អ។ ការឲ្យអាំងប៉ាវ គឺជាការជូនពរឲ្យមានសំណាងល្អ។ តាមពិតទៅ សារសំខាន់នៃអាំងប៉ាវ គឺស្ថិតនៅលើក្រដាសពណ៌ក្រហម មិនមែនលុយដែលនៅខាងក្នុងទេ។

តើអ្នកណាខ្លះដែលគួតែជូនអាំងប៉ាវទៅគេ? សម្រាប់ជនជាតិជន ប្រសិនបើអ្នកចាប់ផ្ដើមរកលុយបានហើយ នោះជាពេលវេលាដែលអ្នកត្រូវចាប់ផ្ដើមបទពិសោធន៍នៃការចែកអាំងប៉ាវឲ្យគេហើយ។ ប៉ុន្តែ ចិនក៏មានទម្លាប់មួយទៀតដែរ គឺថា ប្រសិនបើអ្នកមិនទាន់រៀបការទេ អ្នកមិនចាំបាច់ចែកអាំងប៉ាវឲ្យគេនោះទេ។ ឪពុកម្ដាយ និងកុងម៉ា ពួកគាត់នឹងបន្តផ្ដល់អាំងប៉ាវឲ្យអ្នករហូត ទោះបីពេលអ្នករៀបការមានគ្រួសារហើយក្ដី ពីព្រោះនេះជានិមិត្តរូបនៃសេចក្ដីស្រលាញ់ និងការជូនពរដល់រូបអ្នក។

ការឲ្យអាំងប៉ាវនេះ មិនមែនធ្វើតែក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនោះទេ។ នៅក្នុងឱកាសពិសេសដទៃទៀត ដូចជា អាពាហ៍ពិពាហ៍ ពិធីទទួលសញ្ញាបត្រ ពេលក្មេងកើត ឬពេលខួបកំណើត ឬចម្រើនព្រះជន្មមនុស្សចាស់។ ការឲ្យអាំងប៉ាវ គឺជាប្រពៃណីនៃការជូនពរឲ្យអ្នកណាម្នាក់មានសំណាងល្អ និងសេចក្ដីសុខសប្បាយ៕
អត្ថបទ៖ សេង សុខឃីម
Comentarios